រំជួលចិត្តណាស់! ផ្ទះធ្លុះធ្លាយ ជីវភាពខ្វះខាត តែតស៊ូរហូតឱ្យកូនប្រុសសំណព្វចិត្ត ២ នាក់រៀនចប់បានសញ្ញាបត្រ គួរឱ្យសរសើរក្រៃ…

មហាជននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាផ្ទុះការសសើរព្រោងព្រាត ក្រោយយុវជនខ្មែរពីររូបបានបញ្ចប់ការសិក្សា និង ថ្លែងសេចក្ដីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកមានគុណរបស់ខ្លួន ដែលលោកស្ថិតក្នុងជីវភាពមិនធូរធារ តែតស៊ូរ៉ាប់រងបន្ទុកឱ្យកូនបានបញ្ចប់ការសិក្សាទាំង ២ រូប គួរឱ្យគោរព និង ស្ញើចសរសើរបំផុត។

 

តាមរយៈសាមីខ្លួនដែលមានគណនីឈ្មោះ Man Soleak បានបង្ហោះនូវរូបភាពស្លៀកឈុតបញ្ចប់ការសិក្សា លុតជង្គង់ឱនសំពះដឹងគុណអ្នកមានគុណ ព្រមទាំងបានរៀបរាប់ថា ៖

 

«ជាថ្មីម្ដងទៀត កូនប្រុសទាំងពីរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឪពុក និង អ្នកម្ដាយ ដែលលះបង់គ្រប់បែបយ៉ាងសម្រាប់កូន បើទោះបីជាលោកមានជីវភាពលំបាក ក៏លោកនៅតែជំរុញ និង លើកទឹកចិត្តឱ្យកូនៗខិតខំប្រឹងរៀន ហើយអ្វីដែលកូនចងចាំមិនភ្លេចនោះគឺ លោក

 

ឪពុក និង អ្នកម្ដាយតែងតែប្រាប់កូនថា ពុកម៉ែមិនបានរៀនពុកម៉ែលំបាក តែពុកម៉ែមិនចង់ឱ្យកូនលំបាក និង មិនបានរៀនដូចជាពុកម៉ែនោះទេ។ កូនៗពិតជាមានសំណាងខ្លាំងណាស់ ដែលបានកើតមកជាកូនរបស់លោកទាំងពីរ ហើយក្រៅពីនេះទៅទៀត នៅមានផ្ទះដ៏កម្សត់មួយនេះទៀត ដែលតែងតែផ្ដល់ជាជម្រក និង ភាពកក់ក្ដៅសម្រាប់កូនគ្រប់គ្នា»។

 

ទន្ទឹមនឹងនេះ យុវជនដែលជាម្ចាស់គណនីខាងលើ បានបង្ហាញពីទស្សនៈរបស់លោកឪពុក និង អ្នកម្ដាយរបស់ខ្លួន ដែលតែងតែប្រាប់គេថា ៖ «ដោយសារតែភាពក្រីក្រ និង ចង់ឱ្យកូនមានចំណេះដឹង ទើបពុកម៉ែជំរុញ និង លើកទឹកចិត្តឱ្យកូនៗខិតខំប្រឹងរៀន» ដើម្បីមានចំណេះដឹង ក្នុងការជួយសង្គមគ្រួសារ ក៏ដូចជាប្រទេសជាតិផងដែរ។

 

ដូច្នេះហើយ យុវជនខាងលើបានបន្តលើកទឹកចិត្ត ឱ្យប្អូនៗជំនាន់ក្រោយដែលជាធនធាន និង ជាសរសរទ្រូងប្រទេសជាតិ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានច្រើន៕

Leave a Reply

Your email address will not be published. Required fields are marked *